តើការថែទាំបន្ធូរបន្ថយការឈឺចាប់ជាអ្វី?
ការថែទាំបន្ធូរបន្ថយការឈឺចាប់ គឺជាការថែទាំសុខភាពសម្រាប់អ្នកដែលរស់នៅមានជំងឺដំណាក់កាលចុងក្រោយ។ វាផ្តោតលើការជួយសម្រាលទុក្ខ ការគាំទ្រ និងគុណភាពជីវិតសម្រាប់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ។ វាជួយមនុស្សឱ្យរស់នៅបានល្អតាមដែលពួកគេអាចធ្វើបាន ឱ្យបានយូរតាមដែលពួកគេអាចធ្វើបាន។
តើការថែទាំបន្ធូរបន្ថយការឈឺចាប់អាចចាប់ផ្តើមនៅពេលណា?
ការថែទាំបន្ធូរបន្ថយការឈឺចាប់អាចចាប់ផ្តើមនៅពេលណាមួយនៃជំងឺដែលកំពុងវិវត្តមិនមែនគ្រាន់តែនៅក្នុងសប្តាហ៍ ឬថ្ងៃចុងក្រោយនោះទេ។ ក្នុងករណីជាច្រើន មនុស្សម្នាក់អាចទទួលបានការថែទាំបន្ធូរបន្ថយការឈឺចាប់ ខណៈពេលដែលពួកគេនៅតែទទួលការព្យាបាលផ្សេងទៀតសម្រាប់ជំងឺរបស់ពួកគេ។
តើអ្នកណាផ្តល់ការថែទាំបន្ធូរបន្ថយការឈឺចាប់?
ការថែទាំបន្ធូរបន្ថយការឈឺចាប់អាចត្រូវបានផ្តល់ដោយអ្នកជំនាញសុខភាពណាម្នាក់ដូចជា វេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រ ឬគិលានុបដ្ឋាក។
សេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសអាចចូលរួមបាននៅពេលដែលរោគសញ្ញារបស់មនុស្សម្នាក់កាន់តែស្មុគស្មាញ។ ជាធម្មតាសេវាកម្មទាំងនោះត្រូវបានដឹកនាំដោយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាកដែលមានជំនាញឯកទេសក្នុងការគ្រប់គ្រងរោគសញ្ញានានានៅចុងបញ្ចប់នៃជីវិតដូចជាការឈឺចាប់ខ្លាំង ការក្អួត និងការពិបាកដកដង្ហើម។
ក្រុមការងារថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសនឹងបន្តធ្វើការជាដៃគូជាមួយក្រុមការងារថែទាំសុខភាពដែលមានស្រាប់របស់បុគ្គល ហើយអាចរួមមាន៖
- វេជ្ជបណ្ឌិត
- គិលានុបដ្ឋាក
- អ្នកវិជ្ជាជីវៈសម្ព័ន្ធសុខភាព
- ឱសថការី
- អ្នកចិត្តសាស្រ្ត
- បុគ្គលិកធ្វើការថែទាំខាងផ្លូវវិញ្ញាណឬគ្រូគង្វាល
- អ្នកស្ម័គ្រចិត្តក្នុងការថែទាំបន្ធូរបន្ថយការឈឺចាប់
តើធ្វើដូចម្តេចដើម្បីទទួលបានសេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេស?
ការបញ្ជូនបន្តទៅកាន់សេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសអាចត្រូវបានធ្វើឡើងដោយបុគ្គលម្នាក់ឬសមាជិកគ្រួសារ ឬអ្នកថែទាំ ឬអ្នកជំនាញសុខភាពណាមួយ។
តើសេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសផ្តល់ការថែទាំអ្វីខ្លះ?
សេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសរួមមាន៖
- ជួយគ្រប់គ្រងរោគសញ្ញារាងកាយស្មុគស្មាញ
- គាំទ្រជាមួយនឹងការព្រួយបារម្ភផ្នែកសង្គម វប្បធម៌ និងស្មារតី
- ការប្រឹក្សា និងការគាំទ្រពីទុក្ខសោកសម្រាប់បុគ្គលនោះ និងគ្រួសារ ឬអ្នកថែទាំរបស់ពួកគេ
តើសេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់អាចផ្តល់ជូននៅទីណា?
ការថែទាំបន្ធូរបន្ថយការឈឺចាប់អាចត្រូវបានផ្តល់ជូន៖
- នៅផ្ទះ
- នៅក្នុងមន្ទីរពេទ្យ
- នៅក្នុងមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលជិតស្លាប់
- នៅកន្លែងលំនៅដ្ឋានថែទាំមនុស្សចាស់
- នៅកន្លែងស្នាក់នៅសម្រាប់ជនពិការដែលមានការគាំទ្រ
តើសេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសត្រូវចំណាយអស់ប៉ុន្មាន?
សេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ភាគច្រើនគឺឥតគិតថ្លៃទេ។ អាចមានការចំណាយមួយចំនួនសម្រាប់ថ្នាំពេទ្យ ឬគ្រឿងឧបករណ៍ ដែលនឹងត្រូវពិភាក្សាប្រសិនបើចាំបាច់។
តើមានការគាំទ្រអ្វីខ្លះសម្រាប់គ្រួសារ និងអ្នកថែទាំ?
សេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់ឯកទេសក៏ផ្តល់ការគាំទ្រជាក់ស្តែង និងការគាំទ្រផ្លូវចិត្តសម្រាប់គ្រួសារ និងអ្នកថែទាំផងដែរ។
ចុះបើត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់វិញ?
វាជាការសំខាន់ក្នុងការប្រាប់ឱ្យសេវាកម្មដឹងថាតើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ឬក៏អត់សម្រាប់ការមកជួប។
តើខ្ញុំត្រូវស្វែងរកសេវាកម្ម ឬទទួលបានព័ត៌មានបន្ថែមដោយរបៀបណា?
- សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក អ្នកឯកទេស ឬអ្នកជំនាញសុខភាពណាម្នាក់
- សូមហៅទូរសព្ទទៅសេវាកម្មថែទាំបន្ធូរបន្ថយការឈឺចាប់នៅក្នុងតំបន់របស់អ្នក
- ទាក់ទង Palliative Care Victoria (ការថែទាំបន្ធូរបន្ថយការឈឺចាប់រដ្ឋវិចថូរៀ)

អាចរៀបចំឱ្យមានអ្នកបកប្រែភាសាផ្ទាល់មាត់តាមទូរសព្ទបាន។ សូមប្រាប់យើងពីភាសាដែលអ្នកត្រូវការ។